អារម្ភកថា​សៀវភៅទំលាប់​ Habit shape our life: Introduction

អារម្ភកថា

សេចក្តីសុខ សុខភាពល្អ និង ទ្រព្យសម្បត្តិ អ្នកណាក៏ចង់បានដែរ តែគ្រាន់តែយើងមិនយកចិត្តទុកដាក់ ចេះតែហីហី មិនសូវគិត ឬមានទំលាប់ “ចាំ…សិន…” ចេះតែបណ្តែតបណ្តោយអោយខ្លួនដើរខុសគន្លង ខាតពេល ធ្វើអោយឃ្លាតឆ្ងាយមិនអាចទទួលបានដូចអ្វីដែលប៉ង ឬ បានខ្លះអត់បានខ្លះ។ ពេលខ្លះយើងមានសុខភាពល្អតែ មិនមានទ្រព្យសម្រាប់យកមកធ្វើកិច្ចការដែលយើងចង់ធ្វើ ឬជួយដោះស្រាយបញ្ហានានា ឬជួយអ្នកដទៃ និងធ្វើអោយជីវិតកាន់តែប្រសើរឡើងបានជាដើម។ ពេលខ្លះទៀតយើងមានទ្រព្យសម្បត្តិ តែ សុខភាពរបស់យើងទ្រុឌទ្រោមឈឺមិនមានសេចក្តីសុខក៏មាន។ ដូចនេះតើយើងអាចបានទាំងសេចក្តីសុខ សុខភាព និង ទ្រព្យសម្បត្តិបានជាមួយគ្នាបានដែរឬទេ? ចម្លើយនោះគឺបាន ពីព្រោះមានមនុស្សជាច្រើនបានឆ្លងកាត់ និងសម្រេច បានរួចទៅហើយ ហើយក្នុងសៀវភៅនេះបានចងក្រងនូវវិធីសាស្រ្តនានាដែលអាចយកទៅអនុវត្តផ្ទាល់ដើម្បីសម្រេច គោលដៅទាំងនេះ។  

យើងសង្កេតមើលឃើញថា យើងទាំងអស់គ្នារស់នៅក្នុងយុគសម័យដែលល្អ ដោយសារយើងអាចទទួលបានចំណេះ ដឹងជាច្រើន និងបានយ៉ាងងាយស្រួលរហ័សតាមរយៈប្រព័ន្ធអីុនធើណេត។ មិនតែប៉ុណ្ណោះយើងមានអាយុសង្ឃឹមរស់បាន វែងជាងមុន បើប្រៀបធៀបក្នុងរយៈពេល ២ ឬ ៣ ទសវត្សរ៍ កន្លងទៅនេះ។ ក៏ប៉ុន្តែ បើសិនជាយើងក្រលេកមើលជីវិតរបស់ បុគ្គលម្នាក់ៗ គឺមានភាពខុសគ្នាតាំងពី សុខភាព ទំនាក់ទំនង ទ្រព្យសម្បត្តិ និង សុភមង្គល ។ល។ ហើយមានគំលាតប្រាក់ចំណូល គឺគំលាតរវាងអ្នកមាន និង អ្នកក្រ កាន់តែខ្លាំង មានគ្រប់ប្រទេសទាំងអស់មិនថា ប្រទេសអ្នកមាន ឬ ប្រទេស អ្នកក្រ ទេ។

ហេតុអ្វីបានបុគ្គលខ្លះជោគជ័យយ៉ាងខ្លាំង តែបុគ្គលខ្លះទៀតមានជីវិតរស់នៅយ៉ាងលំបាកតោកយ៉ាក? តើមកពីគេឆ្លាតជាង? មកពីគេកើតក្នុងគ្រួសារដែលមានជីវភាពធូរធារ មានសុភមង្គលជាងយើង?។ ហេតុអ្វីបានជាមានអ្នកខ្លះមានប្រាក់ខែច្រើន តែអ្នកខ្លះទៀតបានត្រឹមតែមួយរស់ៗ?។ សំណួរចេះតែមានជាហូរហែរដែលយើងចេះតែសួរខ្លួនឯងជាញឹកញយ ហើយពេលខ្លះយើងក៏ខិតខំសាកល្បងរកចំលើយ និង ធ្វើការសិក្សាស្រាវជ្រាវរកចំលើយ។ អស់រយៈពេលជិត ១០ ឆ្នាំដែលបានឆ្លងកាត់បទពិសោធន៍ជីវិត តាមរយៈការអានសៀវភៅ សិក្សាតាមប្រព័ន្ធអីុនធើណេត ស្វែងយល់ថាតើអ្នកជោគជ័យ មានសុខភាពល្អ មានទ្រព្យសម្បត្តិ និង មានសុភមង្គលនោះតើពួកគេបានធ្វើការងារអ្វីខ្លះ ទើបបានជាទទួល បានផ្លែផ្កាល្អម្លេះ?។ ទីបំផុតខ្ញុំបានស្វែងរកឃើញថា “ទំលាប់ល្អ” គឺជាអ្នកធ្វើអោយពួកគេទទួលបាននូវភាពជោគជ័យ ទាំងនោះ។ អ្នកដែលមានទំលាប់ល្អ​បានធ្វើការងារសំខាន់ៗ ចាំបាច់មុនគេ ហើយធ្វើការងារសំខាន់នោះ ដដែលៗជារៀងរាល់ថ្ងៃ ដែលធ្វើអោយពួកគេទទួលបាននូវ សេចក្តីសុខ ទ្រព្យសម្បត្តិ និងក្លាយជាបុគ្គលគំរូសម្រាប់មនុស្សជំនាន់ក្រោយ។ ឧទាហរណ៍ថា ពេលយើងកំពុងតែគេង នៅម៉ោង ៦ ព្រឹកព្រលឹមដែលជាទម្លាប់របស់យើង តើយើងដឹងថា អ្នកមាន អ្នកជោគជ័យ និង មានសុខភាពល្អគេមាន ទម្លាប់ធ្វើអ្វីទេ? គឺគេកំពុងហាត់ប្រាណ ដើម្បីដាស់រាងកាយ កំដៅសាច់ដុំមុននឹងចាប់ផ្តើមធ្វើការងារប្រចាំថ្ងៃដែលគេ ចូលចិត្តក្រៃលែង។

ក្នុងសៀវភៅនេះ ខ្ញុំនឹងចែករំលែករាល់ទំលាប់ជោគជ័យ ល្អៗ ដែលធ្វើអោយបុគ្គលជោគជ័យមានសេចក្តីសុខ សុខភាព និងទ្រព្យសម្បត្តិ មានគ្រប់យ៉ាងទាំងសុខភាព ទ្រព្យសម្បត្តិ កិត្តិយស ទំនាក់ទំនង មុខរបរ ជំនួញជាដើម។ យើងក៏អាចទទួលបានដូចពួកគេដែរបើសិនជាយើងខិតខំ ធ្វើតាមអនុវត្តតាម យើងទទួលលទ្ធផលដូចគ្នា ឬអាចទទួលបានលទ្ធផលប្រសើរ ជាងនេះទៀតផង បើសិនជាយើងយកគំនិតនោះមកកែច្នៃអោយកាន់តែល្អសមស្របទៅនឹងស្ថានភាព។ តោះយើងរៀន សូត្រ និង ព្យាយាមអនុវត្តទំលាប់ល្អៗទាំងនេះទាំងអស់គ្នា។ ចូរយើងចងចាំថា អ្វីៗគឺចាប់ផ្តើមពីជំហ៊ានតូចៗទៅ។ ដូច្នេះ ចូរចំណាយពេល ៥ នាទី ចាប់ផ្តើមធ្វើការងារ ជាទំលាប់ល្អទាំងនោះជារៀងរាល់ថ្ងៃ រហូតទាល់តែវាក្លាយទៅជាទំលាប់ ល្អរបស់យើង។ សូមបញ្ជាក់ថាខ្ញុំក៏កំពុងរៀនសូត្រហាត់រៀនអនុវត្តនូវទំលាប់ទាំងនោះដែរ ហើយអ្វីដែលខ្ញុំចងក្រងក្នុងសៀវភៅ នេះបានមកតាមរយៈការអានសៀវភៅ សិក្សាតាមអុីនធើណេត និង បទពិសោធន៍ផ្ទាល់ខ្លួនមួយចំនួន។ ពេលខ្លះខ្ញុំក៏ដើរឃ្លាតឆ្ងាយពីទំលាប់ល្អទាំង នោះដែរ តែពេលដែលយើងប្រព្រឹត្តមិនត្រឹមត្រូវ ឬមានទម្លាប់មិនល្អ យើងក៏រលឹកនឹកឃើញពីអ្វីដែលយើងបានអាន និង ដាស់សតិស្មារតីខ្លួនឯងភ្លាមថា “អូ ! ខ្ញុំកំពុងមានទម្លាប់មិនល្អ បន្តិចម្តងៗ ទម្លាប់អាក្រក់នេះនឹងធ្វើអោយខ្ញុំបរាជ័យ ឬ ធ្លាក់ខ្លួនឈឺ គ្មានសេចក្តីសុខជាមិនខាន។” ការដាស់ខ្លួនឯងនេះក៏ជាគោលបំណងសំខាន់នៃការសរសេរសៀវភៅ នេះដែរ។ ចូរយើងទាំងអស់គ្នាមានទម្លាប់ល្អប្រចាំខ្លួនដើម្បីបានសុខភាពល្អ ​សេចក្តីសុខ និង ទ្រព្យសម្បត្តិ។  

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s