ទំលាប់ល្អ ទី ២ ៖ ធ្វើកិច្ចការអ្វីដោយអស់ពីចិត្ត

​​            ដើម្បីបានសេចក្តីរីករាយ សុខភាពល្អ និង មានទ្រព្យសម្បតិ្ត បុគ្គលជោគជ័យមានទំលាប់មួយ គឺបំពេញការងារជារៀងរាល់ ថ្ងៃ​អោយបានយ៉ាងល្អ ដោយផ្ចិតផ្ចង់តាមដែលអាចធ្វើបាន។ ទោះបីយើងកំពុងបំពេញការងារបែបណាក៏ដោយ គួរយើង ព្យាយាមមានទំលាប់មួយគឺធ្វើដោយយកចិត្តទុកដាក់ មានគុណភាព។ បើសិនជាយើងអាចធ្វើអ្វីមួយដោយអស់ពីចិត្តយើង នឹងជោគជ័យ។ ប៉ុន្តែសំណួរសួរថា តើយើងចូលចិត្តធ្វើអ្វីជាងគេ។ ប្រសិនយើងអាចរកឃើញអ្វីដែលយើងចូលចិត្តធ្វើនោះ យើងនឹងអាចធ្វើការងារនោះដោយអស់ពីចិត្ត និងបានល្អជាងការងារផ្សេងទៀតជាមិនខាន។ វិធីងាយស្រួលដើម្បីស្វែងរក អ្វីដែលយើងចូលចិត្តនោះ គឺសួរសំណួរខ្លួនឯងថា តើការងារណាដែលយើងចូលចិត្តធ្វើសូម្បីតែមិនបានលុយ ក៏ធ្វើបានដែរ? ហើយអត់នឿយហត់ មានកំលាំងចិត្ត សប្បាយរីករាយទោះបីរាងកាយមានការនឿយហត់បន្តិចមែន តែចិត្តខាងក្នុង នោះមិននឿយហត់ទេ ហើយនឹកឃើញតែការងារនោះជានិច្ច គឺប្រៀបដូចជាស្រលាញ់ មនុស្សម្នាក់ដែលថ្ងៃណា ក៏នឹកឃើញគេដែរនោះ។ តែសំណួរមួយទៀត សួរថាបើធ្វើការអត់បានលុយផង អញ្ជឹងបានលុយ មកពីណាមកចិញ្ចឹមជីវិត?។ កុំបារម្ភអី នៅពេលណាដែលយើងធ្វើអ្វីបានល្អជាងគេនោះនឹងមានលាភសាការៈចូលមកជាបន្តបន្ទាប់ជាមិនខាន ដូចជាមានគេមកទាក់ទងអោយធ្វើការងារនោះអោយគេ ដោយអោយកម្រៃជាដើម ឬ យើងអាចយកវាធ្វើជាអាជីពរបស់យើងបានដោយបង្កើតជាសេវាកម្មផ្សេងៗ ឬ ផលិតផលផ្សេងៗ ដែលជួយសម្រួលដល់ការរស់នៅរបស់មនុស្សនៅក្នុងសង្គម។ ឧទាហរណ៍ ដូចលោក ស្ទីវ ចប ដែលចូលចិត្តគ្រឿងអេឡិចត្រូនិច ហើយចង់បង្កើតកុំព្យូទ័រប្រភេទថ្មី ដោយចាប់ផ្តើមធ្វើក្នុងការ៉ាសឡានជាមួយមិត្តភក្តិ ដោយគ្មានបានប្រាក់ទេ។ តែក្រោយមកក៏មានក្រុមហ៊ុនផ្សេងៗ មកទាក់ទង ទីបំផុតប្រភេទកុំព្យូទ័រប្រភេទថ្មី ម៉ាក អាបផល ក៏មានជារូបរាងឡើង បើទោះជាថ្លៃជាងគេច្រើនមែន តែយើងហ៊ានចំណាយលុយ ពីព្រោះតែវាមានគុណភាពល្អជាងប្រភេទផ្សេងទៀតមែន។ អាបផលគឺជាផលិតផលដែល កើតចេញពីការស្រលាញ់ពេញចិត្តរបស់លោកស្ទីវចប ហើយគាត់បានផលិតវាមក ទំនើបជាង និងមានគុណភាព មានភាពសុីវិល័យជាងប្រភេទកុំព្យូទ័រផ្សេងទៀត។ បើយើងកំពុងធ្វើការងារដែលយើងចូលចិត្តធ្វើ គឺល្អណាស់ តែមនុស្សមួយចំនួនធំ គឺកំពុងធ្វើការងារដែលគាត់មិនចូលចិត្តធ្វើ ហើយធ្វើដោយបង្ខំខ្លួនធ្វើ ពីព្រោះតែ តម្រូវការលុយកាក់ មកចិញ្ចឹមជីវិតប្រចាំថ្ងៃ។ ពីព្រោះពួកគាត់កំពុងធ្វើការមិនចូលចិត្តធ្វើ ដូចច្នេះពួកគាត់ធ្វើមិនបានល្អ ឬ ធ្វើអោយរួចពីដៃ ធ្វើអោយតែបានជាដើម ដែលមិនអាចអោយពួកគេមានអនាគតបានទេ។ បើយើងមិនអាចធ្វើការងារអ្វីមួយបានល្អ ឬ ដោយយកចិត្តទុកដាក់នោះ យើងមិនអាចជោគជ័យបានទេ។

ទាក់ទងនឹងរឿងការងារនេះ តាមពិតមនុស្សគ្រប់រូប គឺចូលចិត្តធ្វើការងារណាស់ មិនថាការងារណាជាការងារណាទេ ពីព្រោះមនុស្សកើតមក ត្រូវធ្វើពលកម្ម ដែលជាការងារនេះឯង។ តែកិច្ចការងារទាំងឡាយដែលពិបាកស្មុគស្មាញ ហើយកើតស្ត្រេសដល់បុគ្គលិកនោះ គឺដោយសារតែអ្នក គ្រប់គ្រង ឬ អ្នកដឹកនាំក្នុងស្ថាប័ននោះ ឬ ក្រុមហ៊ុននោះជាអ្នកបង្កើតឡើងទៅវិញទេ។ បើមានប្រព័ន្ធ របៀបរបបធ្វើការងារ ត្រឹមត្រូវនោះវាធ្វើអោយបុគ្គលិកអាចអនុវត្តតាមរបៀបរបបការងារនោះដោយរលូន និងគ្មានកើតស្ត្រេសដល់បុគ្គលិក ឡើយ។ ដូចនេះបើតាមការសង្កេតរបស់ខ្ញុំមានករណីមួយចំនួនធំពេលខ្លះមិនមែនដោយសារយើងមិនចូលចិត្តការងារនោះទេ តែអ្នកដឹកនាំ ឬអ្នកគ្រប់គ្រងលើការងារនោះ ជាអ្នកបង្កើតបញ្ហាដល់បុគ្គលិក។ នៅសម័យថ្មីមានអ្នកជំនួញវ័យក្មេងជាច្រើនដែលបានបង្កើតប្រព័ន្ធការងារដែលគ្រប់គ្រងពីថ្នាក់ក្រោមមកវិញដែលគេហៅជាភាសាអង់គ្លេសថា Holocracity ។ វិធីសាស្រ្តនេះបានផ្តល់ភាពជាម្ចាស់ការដល់បុគ្គលិកថ្នាក់ក្រោមបំផុតអោយចាត់ចែង ការងារដោយខ្លួនងង ដោយមិនមានការគ្រប់គ្រងពីប្រធាន។ បុគ្គលថ្នាក់ក្រោមនោះដឹងពីតួរនាទីខ្លួនឯងច្បាស់លាស់ និងដឹងពីដែនកំណត់ខ្លួូនឯង ហើយក្រុមការងារនៅថ្នាក់ក្រោមនោះសហការគ្នាដោយស្វ័យប្រវត្តិ ប្រៀបដូចជាកោសិកានៅក្នុងរាងកាយរបស់យើងដែលធ្វើសកម្មភាពដោយស្វ័យប្រវត្តិដូច្នោះដែរ។

វិធីសាស្រ្តមួយទៀតដើម្បីស្វែងរកអ្វីដែលយើងចូលចិត្តធ្វើនោះ គឺយើងសួរសំណួរខ្លួនឯងថាតើក្នុងផ្ទះ ឬ ក្នុងបន្ទប់របស់យើងហ្នឹង ថាយើងមានទុកអ្វី ឬប្រើប្រាស់អ្វីច្រើនជាងគេ។ របស់ដែលយើងមិនប្រើ គ៏យើងមិនទុកទេ។ បើសិនជាយើងទុក សៀវភៅ គឺយើងចូលចិត្តអានសៀវភៅ បើយើងទុកកុំព្យូទ័រ គឺយើងចូលចិត្តប្រើវាបានយើងទុក។ បន្ទាប់មកយើងសួរ ខ្លួនឯងថាយើងចំណាយពេលទៅលើអ្វីច្រើនជាងគេ? ការងារដែលយើង ចំណាយពេលច្រើនទៅ លើការងារណាមួយ គឺបង្ហាញថាយើងចូលចិត្តធ្វើវា ហើយបានជាយើងចំណាយពេលច្រើនលើវានោះ។

វិធីមួយទៀតដើម្បីស្វែងរកអ្វីដែលយើងចូលចិត្ត គឺព្យាយាមសួរខ្លួនឯងថា ប្រសិនបើយើងមានអ្វីគ្រប់យ៉ាងអស់ហើយ មានន័យថាយើងមានម្ហូបសម្រាប់ញ៊ាំរាល់ថ្ងៃ មានផ្ទះសម្រាប់ស្នាក់នៅសមរម្យ មានសំលៀកបំពាក់សមរម្យ មានលុយសន្សំខ្លះពេលមានអាសន្ន មានសុខភាពល្អ ពោលគឺបើយើងលែងខ្វល់ពីតម្រូវការចាំបាច់ប្រចាំថ្ងៃ តើយើងចង់ធ្វើអ្វីជាងគេ?។ យើងអាចរំលឹកកាលពីនៅក្មេងតូចៗ យើងចូលចិត្តសត្វ ឆ្កែឆ្មា ចូលចិត្តលេងដីដាំដំណាំ។ ក្មេងក៏ចូលចិត្តលេងតុក្កតា និងតន្រ្តី ។ ចំពោះខ្ញុំ ខ្ញុំចូលចិត្តសត្វឆ្កែ ចិញ្ចឹមត្រីក្រឹម ត្រីប្រាំពីរព័ណ ពោលគឺខ្ញុំចូលចិត្តធម្មជាតិ ដូចក្មេងដទៃទៀតដែរ។ ដូចនេះខ្ញុំគិតថា អ្វីដែលខ្ញុំចូលចិត្តធ្វើក្នុងជីវិតគឺទាក់ទងទៅនឹងធម្មជាតិ ដាំដើមឈើ បន្លែ ចិញ្ចឹមសត្វ ជាដើម។ ដូចច្នេះ ព្យាយាមរំលឹកឡើងវិញកាលពីនៅក្មេង អ្វីដែលយើងចូលចិត្តធ្វើ។ ប៉ុន្តែពេលវេលាធ្វើអោយ យើងមានការប្រែប្រួលដូចនេះចូរព្យាយាមស្វែងយល់ពីខ្លួនឯង ដោយរកកន្លែងស្ងាត់ដើម្បីសិក្សាពីខ្លួនឯង។

 

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s