ទំលាប់ល្អទី១ ៖ ​មានគោលបំណង និងការសុបិន្តធំ

ទំលាប់ល្អទី១ មានគោលបំណង និងការសុបិន្តធំ

អ្នកមានសុខភាពល្អ មានសុភមង្គល និងជោគជ័យក្នុងជីវិត គឺជាបុគ្គលដែលមានគោលដៅច្បាស់លាស់ និង មានក្តីសុបិន្ត ធំ។ ពួកគាត់ដឹងយ៉ាងច្បាស់អ្វីទៅដែលពួកគាត់ចង់បាន ហើយរាល់ពេលដែលពួកគាត់ភ្ញាក់ពីដំណេក គឺពួកគាត់មានកំលាំង សប្បាយរីករាយងើបឡើងដើម្បីធ្វើកិច្ចការសម្រេចគោលបំណងនោះ។ គោលដៅអាចមានដូចជា មានសុខភាពល្អ មានសុភមង្គលក្នុងខ្លួនឯង និងក្នុងក្រុមគ្រួសារ ក្នុងក្រុមហ៊ុន ឬស្ថាប័ន មានទ្រព្យសម្បត្តិ ជាដើម តែគោលដៅនោះ មិនត្រូវប៉ះពាល់ដល់អាយុជីវិត សេចក្តីសុខរបស់អ្នកដទៃ និង ធម្មជាតិនៅជុំវិញខ្លួនយើងនោះទេ។

នៅពេលដែលយើងមានគោលដៅ គឺប្រៀបដូចជាយើងមានផែនទីនៅក្នុងដៃថាយើងចង់ទៅ ទីណា ហើយ ដើរតាមផ្លូវណាទើបមានសុវត្ថិភាព ឬ លឿនជាង។ តែបើគ្មានគោលដៅទេ ឬ គ្មានផែនទីទេ យើងប្រាកដជាវង្វេងជាមិនខាន ឬ ត្រូវចំណាយពេលច្រើនដើម្បីស្វែងរកផ្លូវត្រូវ។ នៅពេលដែលយើងមានគោលដៅច្បាស់លាស់ក្នុងជីវិត យើងមានកំលាំងចិត្ត មានក្តីរំភើបហើយបើទោះបីជាមានរឿងអ្វីកើតឡើងមករារាំង យើង មិនអោយយើងធ្វើការងារដើម្បីសម្រេច គោលដៅនោះក្តី ក៏យើងព្យាយាមឆ្លៀតពេល និងស្វែងរកវិធីដែលស្របច្បាប់ និង ប្រកបដោយគុណធម៍ និង កិត្តិយស ដើម្បីទៅដល់គោលដៅនោះដែរ។ ឧទាហរណ៍ថា យើង ចង់បានសុខភាពល្អ យើងបានដាក់គោលដៅថា យើងនឹងមានរាងកាយមាំមួន ចិត្តជ្រះថ្លា ជារាងរាល់ថ្ងៃ ដោយធ្វើការហាត់ប្រាណ ឬ តាំងសមាធិជារៀងរាល់ថ្ងៃ។ តែពេលខ្លះ យើងរវល់ តែយើងក៏មិនបោះបង់ទំលាប់ល្អចោលដែរ តែខិតខំឈ្លាតពេលវេលាសមស្របណាមួយព្យាយាមធ្វើទៀតទាល់តែបាន។ តែគួរអោយសោកស្តាយ មនុស្សជាច្រើនបានរស់នៅដោយគ្មានគោលបំណងក្នុងជីវិតនោះទេ តែពួកគេបានបណ្តែតបណ្តោយតាមព្រេងវាសនា។ យើងត្រូវតែជាអ្នកកំណត់លើជោគវាសនារបស់ខ្លួន ដោយខ្លួនឯង។ គ្មានគោលបំណង គឺប្រៀបដូចជាជិះឡាន មិនដឹងជាទៅណា គ្មានទិសដៅ។ យើងត្រូវដឹងថា ១០ឆ្នាំទៀតយើងចង់បាន អ្វី?  ៥ ឆ្នាំទៀតយើងចង់បានអ្វី? ក្នុងរយៈពេល ១ ឆ្នាំនេះ យើងចង់សម្រេចអ្វី? ក្នុងរយៈពេល ៦ ខែនេះយើងចង់បានអ្វី? ហើយក្នុងរយៈពេល ១ ខែនេះយើងចង់សម្រេចកិច្ចការអ្វីខ្លះ? និង តើក្នុងមួយថ្ងៃៗតើយើងចង់ធ្វើការងារអ្វីខ្លះជាចម្បងៗ នោះ? យើងត្រូវរៀបចំផែនការសម្រេចគោលដៅនោះជាលំដាប់លំដោយ។

បុគ្គលដែលសម្រេចបានការងារ និងមានទ្រព្យសម្បត្តិ សុខភាព និង សុភមង្គលក្នុងគ្រួសារ គឺមានគំរោងគោល ដៅគ្រប់យ៉ាងបែបនេះ។ ឧទាហរណ៍ថា យើងចង់ទៅសិក្សានៅបរទេស អញ្ជឹងយើងដឹងថាដើម្បីប្រលង  អាហារូបករណ៍ ជាប់ យើងត្រូវពូកែភាសាអង់គ្លេសដូច្នេះ យើងត្រូវរៀបចំផែនការរៀនភាសាអង់គ្លេសដោយព្យាយាមធ្វើលំហាត់ TOEFL ឬ IELTS ជារៀងរាល់ថ្ងៃកុំខានដើម្បីអោយធ្នឹកស្ទាត់ជំនាញ។ យើងអាចលៃយកពេលមកពីធ្វើការមួយ ម៉ោងកន្លះជារៀង រាល់ថ្ងៃ ធ្វើលំហាត់ ហាត់និយាយ ហាត់អាន និង ហាត់សរសេរជារៀងរាល់ថ្ងៃដើម្បីអោយភាសា អង់គ្លេសយើងរីកចម្រើន និង អាចប្រលងជាប់។ នៅពេលដែលព្យាយាមធ្វើដំបូង វាមានការលំបាកដោយសារវាមិនទាន់ ក្លាយទៅជាទំលាប់របស់យើង តែបើយើងចាប់ផ្តើមធ្វើក្នុងរយៈពេល ៤      សប្តាហ៍ទៅ វានឹងក្លាយទៅជាទំលាប់របស់យើង ហើយវាមិនមានការលំបាក់ ទៀតទេ រួចហើយវាក្លាយទៅជាផ្នែកមួយនៃជីវិតដ៏ល្អរបស់យើងទៀតផង។ ដូចអ្នកជំនាញ អភិវឌ្ឍធនធានមនុស្សលោក Brian Tracy លើកឡើងថា “អ្វីៗគឺលំបាកមុន ស្រួលក្រោយ” គឺអ្វីដែលថ្មីសម្រាប់យើង គឺវាលំបាក តែបើយើងរៀនពីវាបន្តិចម្តងៗ នោះការងារនោះប្រាកដជា ងាយស្រួលទៅៗ ដោយសារយើងស៊ាំនឹងការងារ និងយល់ច្បាស់ ហើយអាចធ្វើការងារនោះបាន។

តែពេលខ្លះ មានមនុស្សមួយចំនួនបានដាក់គោលដៅមិនមានភាពសមស្រប ឬ មិនអាចទៅរួចដោយសារចង់បានលទ្ធផលឆាប់ពេក។ មនុស្សយើងមានជំងឺមួយគឺជំងឺចង់បានអ្វីមួយឆាប់ ចង់មានចង់បានឆាប់ មិនចេះអត់ធ្មត់។ ខ្ញុំក៏ធ្លាប់មាន ទំលាប់ចង់អ្វីមួយឆាប់ដែរ តែក្រោយមកក៏ដឹងខ្លួនថាវាជាទម្លាប់មួយមិនល្អ។  ដូចជាមានគោលដៅចង់រៀនភាសា អង់គ្លេស និងចេះនិយាយក្នុងរយៈពេល ៣ ខែ ឬ ចង់ស្រកទម្ងន់ ៥ គីឡូ ក្នុងរយៈពេល១ថ្ងៃ ឬ ប្រាក់ខែអោយបានច្រើនក្នុងរយពេលខ្លី ជាដើម។ ចង់មានចង់បានឆាប់ ដែលពេលខ្លះប្រព្រឹត្តិអំពើខុសច្បាប់ គ្មានសីលធម៌ជាដើម។ ការចង់បានអ្វីមួយឆាប់នោះ គឺជាគោលដៅដែល មិនអាចទៅរួច គ្មានភាពសមហេតុ        ផល។ យើងចំណាយពេលបន្តិចម្តងៗ តិចៗ សន្សឹមៗដើម្បីសម្រេចគោលដៅនោះ ដូចជាហាត់និយាយភាសាអង់គ្លេស ១០ នាទី ក្នុងមួយថ្ងៃ ឬ ហាត់ប្រាណ ១០ នាទីដើម្បីសម្រកទម្ងន់ជារៀងរាល់ថ្ងៃ ជាដើម។ ត្រូវធ្វើដោយសន្សឹមៗ តែកុំឈប់ទើបជាការប្រសើរ វាប្រសើរជាង ការធ្វើបានមួយថ្ងៃហើយឈប់ធ្វើមួយអាទិត្យនោះ គឺមិនល្អទេ។ សុភាសិតខ្មែពោលថា សន្សឹមៗកុំបំបោល ក្រែងមិនដល់ដូច ប្រាថ្នា។ ធ្វើតិចៗរាល់ថ្ងៃ យូរទៅនឹងបានផលក្រាស់ក្រែល។ វាជាច្បាប់ធម្មជាតិដែលភាសាលោក Darren Hardy ដែលជាអ្នកសរសេរក្នុងទស្សនាវដ្តី ជោគជ័យ (Success Magazine)  របស់សហរដ្ឋអាមេរិកដែលលោកបានសរសេរក្នុងសៀវភៅរបស់គាត់មានឈ្មោះថា “Compound effects” ឬ ភាសាខ្មែរមានន័យថា ការអនុវត្តអ្វីមួយដដែល ជាទៀងទាត់ វានឹងកើនបានពីមួយថ្ងៃបន្តិចម្តងៗ បានជាផ្លៃផ្កាល្អប្រសើរ។ ដូចជាយើងទៅហាត់លើកសាច់ដុំ គឺថ្ងៃដំបូងមិនមានប្រែប្រួលខ្លាំងទេ តែបើទៅហាត់លើក សាច់ដុំរាល់ថ្ងៃ សាច់ដុំនឹងធំរឹងមាំជាមិនខាន។ ការធ្វើអ្វីមួួយតិចៗ រាល់ថ្ងៃគឺមាន    ឥទ្ធពលមហាសាល។ ឧទាហរណ៍ យើងចង់ បានលុយ ១ មឺុន ដុល្លា ដូចនេះយើងចាំផ្តើមសន្សំ ដោយមួយខែយើងសន្សំ ១០០ ដុល្លាជារៀងរាល់ខែទៅ។ វាត្រូវចំណាយពេលដូចច្នេះហើយ តែបើយើងចង់បានលឿនយើងត្រូវរៀនយកលុយនោះទៅវិនិយោគ ឬ អោយលុយនោះ មកធ្វើការអោយយើងវិញ។ ហើយជំនាញវិនិយោគ (ជំនួញ ឬ ការរកសុី)នេះ ត្រូវរៀនអោយចេះស្ទាត់ជំនាញទើបទទួល បានជោគជ័យ មិនមែននឹកឃើញថាចង់ធ្វើអ្វីភ្លាមធ្វើភ្លែតនោះទេ។ គ្រប់រឿងគឺត្រូវចំណាយពេល។ សរុបមកគឺការចង់បានអ្វីមួយឆាប់នោះ គឺជាទម្លាប់មិនល្អទេ។ នឹកឃើញថាចង់បានប្រពន្ធ ឬ ប្តី ស្គាល់គ្នាមិនបានប៉ុន្មានខែផង ក៏រៀបការភ្លាម មិនល្អទេ។ នឹកឃើញ ថាចង់បានផ្ទះ ដើរមើលផ្ទះ ២ ឬ ៣ ហើយសម្រេចចិត្តទិញភ្លាមក៏មិនល្អដែរ។ គួរសិក្សាអោយបានយូរ ស្គាល់       អោយបានច្រើននិងទូលំទូលាយ ពោលគឺត្រូវចំណាយពេលវេលា មិនត្រូវបង្ខំចង់បានអ្វីមួយភ្លាមៗនោះទេ។ ការដែលចេះអត់ធ្មត់ធ្វើសន្សឹមៗ តិចៗ មិនបង្ខំ តាមដំណើរ ឥតឈប់គឺជាទម្លាប់មួយដែលរាប់ថា ជាគន្លឹះមួយជោគជ័យមួយ ដ៏ធំបាត់ទៅហើយ។

មួយទៀត បន្ទាប់ពីមានគោលបំណងហើយ គោលបំណងនោះត្រូវធំ មានក្តីសុបិន្តអោយធំ។ មានគោលបំណងធំ ក្តីប្រាថ្នាធំ តែត្រូវចាប់ផ្តើមធ្វើកិច្ចការតូចៗ តិចៗ សន្សឹមៗ មិនបង្ខំ នេះជាគន្លឹះ សម្រាប់ជីវិត។ យើងមានសុបិន្តថា និងបានរៀបការជាមួយ នារីដែលស្រស់ស្អាត មានប្រាជ្ញាឈ្លាវៃ ពូកែធ្វើម្ហូប ឬ ក្លាយទៅជាមនុស្សពូកែដែលមានទាំងទ្រព្យ និងសុខភាព មានសុភមង្គលជាដើម។ ជាការពិតយើងមិនបានអោយដូច ១០០ ភាគរយ នោះទេ តែយ៉ាងហោចណាស់ក៏បានប្រហាក់ប្រហែលដែរ។ តែបើយើងដាក់គោលដៅទាបពេក យើងប្រាកដជាបាន ទាបជាងអ្វីដែលបានដាក់នោះទៅទៀត។ ដូចនេះគួរដាក់គោលដៅអោយធំអោយពេញចិត្តសម្រាប់ ខ្លួនឯងក្រៃលែង ហើយកុំភ្លេចព្យាយាមធ្វើសកម្មភាពដើម្បីឆ្ពោះទៅរកគោលដៅនោះផងកុំអោយគេថា យើងហ្នឹងជាចៅចាក់ស្មុគ។

ថ្ងៃនេះចូរសួរខ្លួនឯងថា តើយើងចង់បានអ្វីនៅក្នុងជីវិត? ហេតុអ្វី? តើអ្នកចង់ក្លាយទៅជាអ្វី តើអ្នកចង់បម្រើ សង្គមដោយរបៀបណា ? ចូរស្វែងរកចំលើយ ហើយរៀបចំសកម្មភាព និងចាប់ផ្តើមធ្វើវាពីថ្ងៃនេះទៅ។

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s