ទំលាប់ទី៤៖​ ​ថែរក្សាសុខភាព

ទំលាប់ទី៤៖​ ​ថែរក្សាសុខភាព

សុខភាពគឺសំខាន់បំផុតសម្រាប់ជីវិតរបស់យើង។ ប្រសិនបើយើងឈឺ​ តើយើងអាចទៅធ្វើកិច្ចការដែលជាគោលដៅរបស់យើងបានយ៉ាងដូចម្តេច?។ បើយើងឈឺ ​មានតែដេកនៅលើគ្រែមិនអាចធ្វើអ្វីច្រើនកើតទេ!។ តែមានករណីពិសេសដែលមានអ្នកខ្លះយកឪកាសដែលដេកឈឺនៅ លើគ្រែទៅធ្វើអ្វីផ្សេងៗទៀតដូចជាអានសៀវភៅ ​តែបើយើងជាមានសុខភាពល្អ យើងពិតជាមានកំលាំងពេញក្នុងការសម្រេចការងារជាច្រើន។ ដូចច្នេះគ្មានអ្វីសំខាន់ជាងសុខភាពទេ។ អ្នកដែលជោគជ័យក្នុងពិភពលោកតែងតែយកចិត្តទុកដាក់ ថែរក្សាសុខភាពរបស់គេ។ ពួកគេតែងតែបែងចែកពេលវេលារបស់ខ្លួនធ្វើលំហាត់ប្រាណហើយមានវិន័យខ្លួនឯង ហាត់ប្រាណជា ប្រចាំថ្ងៃ។ ប្រសិនបើយើងចង់បានសុខភាពល្អ​ យើងត្រូវលៃពេលវេលាសមស្របដើម្បីហាត់ប្រាណ​អាចជាម៉ោងក្រោយ ពីការងារពេលល្ងាចម៉ោង៦ល្ងាច​​ រយៈពេល៣០នាទី។ ​ការហាត់ប្រាណធម្មតាដូចជាការរត់ការលេងកីឡាដែលយើងចូលចិត្ត។ អ្នកវិទ្យាសាស្រ្តបានរកឃើញថានៅពេលយើងហាត់ប្រាណ ​អ័រម៉ូនដែលធ្វើអោយយើងរីករាយកើនឡើង ហើយវាអាចកាត់បន្ថយស្រ្តេសដោយសារការអស់កំលាំងពីការងារច្រើនម៉ោងនោះ។ បើក្រលេកមើលពីប្រវត្តិរបស់មនុស្សលោក យើងមានសុខភាពល្អបើប្រៀបធៀបពីជាងមួយសត្សវត្តរ៍មុន ដោយសារយើងអាចរកឃើញវិធីព្យាបាលជំងឺកាចៗ ជាច្រើនដូចជា​ជំងឺទឹកនោមផ្អែម អាសន្តរោគ ជំងឺបេះដូង។ល។ តែយើងមានសុខភាពល្អ ឬ អត់គឺភាគច្រើនដោយសារអាហារដែលយើងបរិភោគរាល់ថ្ងៃ។ អ្នកដែលមាន សុភមង្គលមានទ្រព្យសម្បត្តិ និង ជោគជ័យយល់ដឹងពីរឿងនេះយ៉ាងច្បាស់ និង មានការប្រុងប្រយ័ត្នរាល់អាហារដែលគេ​     បរិភោគ។ វិជ្ជបណ្ឌិតតែងតែផ្តល់ដំបូលន្នានអោយបរិភោគ បន្លែផ្លែឈើ និង បរិភោគទឹកអោយបានច្រើន។ យ៉ាងហោចណាស់ញាំទឹកអោយបាន ២ លីត្រក្នុងមួយថ្ងៃ។ បើយើងញ៊ាំទឹក១លីត្រពេលព្រលឹមក្រោយពីដំណេកធ្វើអោយសុខភាព ល្អប្រសើរជាងមុនបានយ៉ាងមានប្រសិទ្ធិភាព​ បើអ្នកមិនជឿសាកល្បងញ៊ាំទឹក ១ លីត្រក្រោយពីភ្ញាក់ពីដំណេកពេល ព្រលឹម វាធ្វើអោយ ប្រព័ន្ធរំលាយអាហារមានដំណើរការល្អក្នុងរយៈពេល ២ សប្តាហ៍ ហើយវាអាចព្យាពាលជំងឺដទៃទៀត បានយ៉ាងមានប្រសិទ្ធិភាព។ ចូរញ៊ាំត្រីសាច់បន្លែធម្មជាតិអោយបានគ្រប់គ្រាន់ និងហាត់ប្រាណអោយបានសមស្រប។ គួរកាត់បន្ថយការញ៊ាំអាហារ ៣ មុខដែលជាម៉្សៅ ពុលពណ៌ស ៣ ប្រភេទនោះគឺរួមមានម្សៅសធ្វើនំ ស្ករ និង អំបិល។ នៅពេលព្រឹកចូរកុំញ៊ាំអាហារដែលមានខ្លាញ់ច្រើន។ យើងគួរកាត់ បន្ថយការញ៊ាំសារជាតិម្សៅពណ៌សទាំងបីនោះ ពីព្រោះថាពេលយើងបរិភោគទៅ​ វានឹងទៅកកជាប់នៅក្នុង     សារីរាង្គរបស់យើងកាន់តែច្រើនឡើងៗ និង នៅថ្ងៃមួយវាហួសពេលមិនអាចព្យាបាលបាន។ មួយទៀតគឺត្រូវរក្សា ទម្ងន់អោយបានសមស្របទៅតាមកំពស់កំពររបស់យើងកុំអោយស្គមពេក និងកុំអោយធាត់ពេក។ ជនជាតិជប៉ុនភាគច្រើនមាន ទំលាប់ មានជញ្ជីងក្នុងផ្ទះរបស់ខ្លួនស្ទើរតែគ្រប់គ្រួសារ។ មានជញ្ជីងធ្វើអោយយើងងាយស្រួលក្នុងការតាមដានទម្ងន់របស់យើង។ បើសង្កេតឃើញថាឡើងទម្ងន់ធ្ងន់ខ្លាំងត្រូវបន្ថយការញ៊ាំអាហារ និង មានការហាត់ប្រាណអោយបានទៀងទាត់។​

ជាធម្មតារាងកាយ និង អារម្មណ៍របស់យើងតែងតែមានទំនាក់ទំនងនឹងគ្នា។ បើអារម្មណ៍យើងមិនល្អ វាប៉ះពាល់ដល់រាងកាយរបស់យើង ហើយបើរាងកាយយើងមានជំងឺ ក៏ធ្វើអោយយើងមិនសប្បាយចិត្តដែរ។ មានការសិក្សាជាច្រើនបាន បង្ហាញថាពេលដែលយើងមិនសប្បាយចិត្តវាធ្វើអោយពពួកមេរោគជាច្រើនងាយនឹងវាយប្រហារមកលើរាងកាយយើងពីព្រោះរាងកាយយើងចុះខ្សោយដោយសារការមិនសប្បាយចិត្ត។ ​ដូចច្នេះពេលមានអារម្មណ៍មិនល្អតប់ប្រមល់ស្រ្តេស ប្រសិនបើការងារណាពិបាកយើងត្រូវរកវិធីមកដោះស្រាយភ្លាមដូចជាត្រូវសម្រាកបន្តិចសិន​ចាំធ្វើការងារនោះម្តងទៀត ឬ ស្តាប់បទចំរៀងពិរោះៗ ដែលចូលចិត្តជាងគេមួយភ្លែតសិនជាដើម រួចចាំចាប់ផ្តើធ្វើការងារនោះបន្តទៀត​ឬស្វែងរកជំនួយពីអ្នកណាដែលមានជំនាញ ឬ សាកសួរយោបល់ពីមនុស្សដែលយើងទុកចិត្តអាចជាមិត្តភក្តិ ឬ សាច់ញា្ញតិជាដើម ។​ យើងក៏អាចរំលឹករឿងសប្បាយៗ ពីអតីតកាលឡើងវិញ។​ វិធីនេះក៏ជួយអោយយើងរីករាយបានដែរ។ ​មួយទៀត ចូរកត់ត្រារាល់ការរលឹកឃើញនូវរឿងសប្បាយចិត្តជាច្រើន ដូចជាថ្ងៃដែលយើងទទួលសញ្ញាប័ត្របញ្ចប់ការសិក្សា ឬ ថ្ងៃដែលប្រកាសលទ្ធផលថាយើងជាប់បាក់ឌុប ឬ ថ្ងៃណាមួយដែលយើងសប្បាយចិត្តជាងគេ។ ចូរចងចាំរាល់រឿងដ៏ល្អៗទាំងនោះ។ នៅពេលណាដែលយើងមានអារម្មណ៍ មិនល្អ ចូរយើងរំលឹកនូវរឿងល្អទាំងនោះឡើងហើយបញ្ចាំងវាដូចជាកញ្ចក់ទូរទស្សន៍ នៅនឹងមុខយើងរលឹកឡើងវិញ ថាវាក្លិនយ៉ាងម៉េច មានអារម្មណ៍ដូចម្តេច សកម្មភាពបែបណា រាល់ញ្ញាណទាំងប្រាំរបស់យើង។ ចូរបិទភ្នែករបស់យើងរំលឹករឿងសប្បាយចិត្តទាំងនោះដើម្បីធ្វើអោយអារម្មណ៍សប្បាយចិត្ត និងធ្វើអោយមានអារម្មណ៍ស្ងប់។ ចូរធ្វើការដកដង្ហើមចូលតាមច្រមុះ និងដកដង្ហើមចេញតាមមាត់អោយបាន ៥ ទៅ ១០ ដង ក៏ជួយបន្ថយភាពតានតឹង ក្នុងអារម្មណ៍បានយ៉ាងមានប្រសិទ្ធិភាពដែរ។ ខ្ញុំតែងតែនឹកឃើញនូវអនុស្សាវរីយ៍ល្អៗ កាលពីខ្ញុំមានអាយុ ៧ ឬ ៨ ឆ្នាំ។ កាលនោះជារៀងរាល់ពេលព្រឹកព្រលឹម ខ្ញុំតែងតែក្រោកពីគេងហើយរត់ទៅទិញនំប័ុងដែលទើបតែដុតថ្មីចេញពីឡ័រ នៅក្បែរផ្ទះហើយខ្ញុំញ៊ាំនំប័ុងជាមួយកាហ្វេទឹកដោះគោទឹកកកជាមួយម៉ាករបស់ខ្ញុំយ៉ាងឆ្ងាញ់អស្ចារ្យ។ អោយតែនឹក ឃើញរឿងនេះឡើងធ្វើអោយខ្ញុំសប្បាយចិត្ត នឹកឃើញអនុស្សាវរីយ៍ដ៏ល្អជាមួយនិងម្តាយរបស់ខ្ញុំ។ ខ្ញុំធំក្លិនឈ្ងុយរបស់នំប័ុង និង កាហ្វាដ៏ឈ្ងុយឆ្ងាញ់ពេលព្រឹកព្រលឹមដែលមានទាំងសំលេងមាន់រងាវ ពិតជាធ្វើអោយមានចិត្តរីករាយ។ រឿងមួយទៀតដែលខ្ញុំ តែងតែនឹករលឹកឡើងវិញពេលដែលមានអារម្មណ៍មិនសប្បាយចិត្តនោះគឺ នៅថ្ងៃដែលគេប្រាប់ខ្ញុំថាខ្ញុំបាន ប្រលងជាប់ អាហារូបករណ៍ទៅសិក្សានៅប្រទេសជប៉ុននៅឆ្នាំ២០១០។ នៅពេលនោះខ្ញុំកំពុងនៅព្រលានយន្តហោះពោធិ៍ចិនតុង កំពុងរងចាំមិត្តភក្តិរួមការងារមកពីបរទេស។ ដៃកំពុងកាន់ទឹកក្រូចញាំ ពេលនោះទូរសព្ទ័របស់ខ្ញុំក៏បានរោទ៍ឡើង ហើយបុគ្គលិករបស់កម្មវិធីអាហារូបករណ៍ JDS ក៏បានអបអរសាទរដល់ខ្ញុំដែលបានជ្រើសរើស ជាបេក្ខជនជោគជ័យ ទៅបន្តការសិក្សានៅប្រទេសជប៉ុន។ ពេលនោះខ្ញុំមានអារម្មណ៍ថាដូចបានហោះទៅលើមេឃ ខ្ញុំរីករាយរកអ្វីមកថ្លែងពុំបាន។ ដូច្នេះចូរអ្នកព្យាយាមរកការចងចាំរឿងល្អៗ ឬ អនុស្សាវរីយ៍ដ៏ល្អសម្រាប់ខ្លួនឯងផ្ទាល់ ដើម្បីកែរអារម្មណ៍របស់យើង ពេលយើងមានអារម្មណ៍មិនល្អកើតឡើង។

មធ្យោបាយមួយទៀតដើម្បីអោយមានអារម្មណ៍ល្អនោះគឺ ការធ្វើតាំងសមាធិដូចជាការដកដង្ហើមចេញចូលពីមុននោះឯង។ តាមពិតទៅការតាំងសមាធិគឺមានន័យយ៉ាងសាមញ្ញថា ជាពេលដ៏ស្ងប់ស្ងាត់ ការរកពេលស្ងៀមស្ងាត់។ ពេលយើងមានអារម្មណ៏មិនល្អ ពេលនោះអារម្មណ៍របស់យើងវិលវល់ ហើយច្រើនតែនឹកឃើញ តែរឿងមិនសប្បាយចិត្តជាច្រើនដែលបានកើតឡើងកន្លងមក ដូចជារឿងមិត្តភ័ក្តនិយាយអាក្រក់ពីយើង រឿងគ្មានអ្នកមកជួយហែរហម គ្មានសាច់ញាតិនៅថ្ងៃបញ្ចប់ការសិក្សា មិនបានថតរូបជាមួយក្រុមគ្រួសារដូចគេ រឿងស្រលាញ់គេ តែគេមិនស្រលាញ់ យើងវិញជាដើម។ ដូចនេះយើងត្រូវតែធ្វើយ៉ាងណាអោយអារម្មណ៍យើងស្ងប់ មិនវិលវល់នឹកឃើញរឿងមិនសប្បាយចិត្តទាំងនេះ ហើយការតាំងសមាធិនេះពិតជាអាចជួយបានយ៉ាងមានប្រសិទ្ធិភាព តែត្រូវមានការអត់ធ្មត់ដោយអនុវត្តបន្តិចម្តងៗ។ យើងអាចធ្វើការតាំងសមាធិដោយដកដង្ហើមចេញចូលអោយវែងៗ។ ពេលដក់ដង្ហើញចេញចូលនោះ ចូរព្យាយាមស្តាប់ដង្ហើមរបស់យើងថាវាចូលហើយ និង វាចេញហើយ ពោលគឺដកដង្ហើមអោយបានវែងៗពេញពោះ ហើយបញ្ចេញវាចេញមកវិញយឺតៗ ហើយអារម្មណ៍របស់យើងផ្តោតទៅលើដង្ហើញចេញចូលនោះ។ ធ្វើដូចនេះ៥នាទីរាល់ថ្ងៃនៅពេលមានអារម្មណ៍តានតឹងពិតជាអាចជួយយើងអោយមានអារម្មណ៍ស្រស់ថ្លាជាថ្មីវិញបាន ហើយធ្វើអោយយើងបំពេញការងារបានយ៉ាងល្អ ដូចជាការសម្រេចចិត្តរឿងសំខាន់ជាដើម។ មុនពេលសម្រេចចិត្តរឿង សំខាន់ៗ។ កាលបើយើងមានអារម្មណ៍មិនល្អ ដូចជាខឹង មួលម៉ៅ មិនស្ងប់ជាដើមនោះ នៅពេលនោះបើយើងធ្វើការសម្រេចចិត្ត យើងប្រាកដជាសម្រេចចិត្តខុសជាមិនខាន។ ចូរធ្វើអោយអារម្មណ៍ល្អ អារម្មណ៍ស្ងប់ មិនខឹង មិនមានស្រ្តេសជាមុនសិន។ ពេលយើងមានអារម្មណ៍ ល្អនោះរាល់ការនិយាយស្តីក៏ពិរោះ ហើយការសម្រេចចិត្តក៏បានល្អដែរ។ ដើម្បីអោយមានទម្លាប់ល្អក្នុងការធ្វើសមាធិ យើងគួរព្យាយាមអនុត្តតែរយៈពេល ៥នាទីសិន កុំចាប់ឡើងបង្ខំខ្លួនធ្វើ១ម៉ោង តែ៣ថ្ងៃក្រោយបានធ្វើទៀត ហើយក្រោយមកក៏ឈប់អនុវត្តនោះមិនល្អទេ។ យើងត្រូវព្យាយាមបន្តិចម្តងៗ ចំណាយពេលរយៈពេល ៥នាទីហើយអនុវត្តតាំងសមាធិជារៀងរាល់ថ្ងៃទើបមានលទ្ធផលល្អ។

ដំណេកគឺជាពេលដែលយើងសម្រាកដើម្បីប្រមូលយកកម្លាំងមកវិញសម្រាប់ថ្ងៃស្អែក។ ដូចមានសុភាសិត ពីបូរាណរបស់អង់គ្លេសមួយបានពោលថា ប្រញាប់ចូលគេងពីព្រលប់ ហើយឆាប់ក្រោកពីព្រលឹម អាចអោយយើង មានសុខភាពល្អ មានទ្រព្យសម្បត្តិ ហើយឆ្លាតវៃ។ សុភាសិតនេះពិតជាត្រឹមត្រូវមែន ហើយបើយើងអាចអនុវត្តបាន គ្រាន់តែយើងឆាប់ចូលគេង និងឆាប់ក្រោកនេះ។ រឿងពិតមួយគឺ ពេលយើងភ្ញាក់ពីដំណេកពេលព្រលឹម យើងមានអារម្មណ៍ជ្រះស្រលះ។ ពេលព្រលឹមមានភាពស្ងប់ស្ងាត់ ហើយពេលព្រលឹមយើងមានកំលាំងជាងពេលថ្ងៃរសៀល និង ពេលល្ងាច។ ដូចនេះការក្រោកពីព្រលឹម យើងចំណេញច្រើនណាស់។ តែក៏មានមនុស្សមួយចំនួន មិនត្រូវការដំណេកច្រើនដែរ។ ដូចនេះត្រូវចេះបត់បែនទៅតាម លក្ខខ័ណ្ឌ រាងកាយរបស់មនុស្សម្នាក់ៗ។ ជាទូទៅនៅម៉ោង ប្រហែលជា១០យប់ គួរយើងចូលគេង ហើយក្រោកពីដំណេកនៅម៉ោង ៦ព្រឹក។ ការគេងរយៈពេល៨ម៉ោងគឺគ្រប់គ្រាន់ និងល្អសម្រាប់ សុខភាពយើង។ ​អ្នកខ្លះត្រូវការគេងតែ៥ម៉ោងទេក្នុងមួយថ្ងៃ។ រាងកាយយើងតែងតែភ្ញាក់ពីដំណេកពេលជិតភ្លឺនៅម៉ោង ៣ ឬ ម៉ោង ៤ ដោយសារយើងឈឺបត់ជើងតូចជាដើម។ តែតាមការពិត​ រាងកាយរបស់យើងចង់ប្រាប់យើងថា អោយយើងក្រោកឡើង។ តែភាគច្រើនគឺយើងគេងទៅវិញ។ ចូរព្យាយាមកុំគេងទៅវិញ ចូរក្រោកឡើងធ្វើអ្វីដែលយើងចង់ធ្វើ ដូចជាហាត់ប្រាណ អានសៀវភៅ ឬធ្វើកិច្ចការដែលសំខាន់ផ្សេងទៀតជាដើម ពីព្រោះវាជាពេលដែលមានតម្លៃនិងមានប្រសិទ្ធិភាពដោយសារតែពេលនោះស្ងប់ស្ងាត់ល្អនិងមានថាមពល។ ទម្លាប់ល្អនេះពិតជាធ្វើអោយយើងអាចបំពេញការងារបានល្អប្រសើរជាងគេ។

 

 

 

 

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s