ទំលាប់ទី៣៖ការតាំងចិត្ត តាំងអារម្មណ៍ ផ្ចង់អារម្មណ៍

ទំលាប់ទី៣៖ការតាំងចិត្ត តាំងអារម្មណ៍ ផ្ចង់អារម្មណ៍

មនុស្សដែលមានសេចក្តីសុខ និង​ ជោគជ័យគឺជាមនុស្សដែលមានការតាំងអារម្មណ៍ និង ការផ្ចង់អារម្មណ៍ខ្ពស់។ ការផ្ចង់អារម្មណ៍មានន័យថា មានអារម្មណ៍នឹងនរ មិនរេរា មិនមានអារម្មណ៍រវើរវាយបាចសាច។ ផ្តោតអារម្មណ៍ទៅលើការងារដែលកំពុងធ្វើ ជាពិសេសគឺការងារដែលមានសារៈសំខាន់ជាងគេជារៀងរាល់ថ្ងៃ។ ដោយសារសព្វថ្ងៃយើងរស់ក្នុងយុគសម័យព័ត៌មានវិទ្យា ជាពិសេសគឺមានប្រព័ន្ធផ្សព្វផ្សាយច្រើនសន្ធឹងសន្ធាប់ និងមានទូរស័ព្ទដៃវៃឆ្លាតដូចជាអាយហ្វូន ហ្វេសប៊ុក កុំព្យូទ័រ ទូរទស្សន៍ ជាដើម។ ឧបករណ៍ទាំងអស់នេះ បើយើងមិនចេះគ្រប់គ្រងវាទេ វានឹងគ្រប់គ្រងលើយើងវិញជាមិនខាន ដូចជាធ្វើអោយរវល់ពេញមួយថ្ងៃដោយចំណាយពេលទៅលើវា ហើយភ្លេចកិច្ចការចាំបាច់របស់ខ្លួន ឬ ធ្វើអោយផលិតភាពការងារធ្លាក់ចុះនៅកន្លែងធ្វើការជា      ដើម។ បើជាសិស្សភ្លេចការសិក្សាក៏មាន។ ជាទូទៅ យើងចូលចិត្តធ្វើការងារដែលងាយស្រួល មុនកិច្ចការដែល លំបាក ​តែការងារពិបាកហើយនោះដែលជាកិច្ចការចាំបាច់និងសំខាន់។ យើងចូលចិត្តញាំបង្អែមមុននឹងញាំបាយនិង​ម្ហូប។

មនុស្សដែលពូកែៗលើលោកនេះយល់ជាក់ច្បាស់ថា បើសិនជាគេអាចផ្តោតអារម្មណ៍ទៅលើការងារណា ដែលចាំបាច់មុននឹងធ្វើអ្វីផ្សេងទៀតនោះ គេអាចសម្រេចកិច្ចការធំៗ និងអាចបង្កើតការច្នៃប្រឌិតថ្មីៗបាន។ ការតាំងអារម្មណ៍ គឺប្រៀបដូចជាពន្លឺព្រះអាទិត្យ បើសិនជាពន្លឺព្រអាទិត្យនោះផ្តោតទៅលើក្រដាស ពន្លឺប្រមូលផ្តុំនោះនឹងដុតក្រដាសនោះ អោយឆេះបាន។ នេះសបញ្ជាក់ពីថាមពលនៃការផ្តោតអារម្មណ៍។ អ្នកប្រាជ្ញតែងតែស្វែងរកវិធីសាស្រ្តនានាដើម្បីធ្វើអោយអារម្មណ៍ស្ងប់ដើម្បីតាំងអារម្មណ៍អោយមូល មិនរេរា។ ព្រះពុទ្ធទ្រង់បានអនុវត្តការតាំងសមាធិដើម្បីធ្វើអោយអារម្មណ៍ស្ងប់ ដើម្បីអាចផ្ចង់អារម្មណ៍សិក្សាស្វែងយល់ពីបញ្ហាផ្សេងៗ ជាពិសេសគឺទ្រង់អាចស្វែងយល់ពីច្បាប់ធម្មជាតិនៃ ហេតុ និង ផល ឬ កម្ម និង ផល។ ប៉ុន្តែជួនកាលយើងមិនអាចផ្តោតអារម្មណ៍បានទេ ប្រសិនបើយើងខ្វះថាមពល។ យើងអាចពង្រឹង ថាមពលកំលាំងផ្លូវកាយរបស់យើងបានដោយការហាត់ប្រាណ ដូចជាការរត់តិចៗ ឬ លេងកីឡាដែលយើងចូលចិត្ត និង ការសម្រាកអោយបានគ្រប់គ្រាន់ (មានពេលសម្រាកពេលបាយថ្ងៃត្រង់រួច មានពេលសម្រាកពេលវិស្សមកាល សម្រាកថ្ងៃ ចុងសប្តាហ៍ ការធ្វើដំណើរទៅកន្លែងផ្សេងៗជាមួយក្រុមគ្រួសារ ឬទៅបរទេសជាដើម)។ ដូចសុភាសិតបរទេសមួយពោល ថា បើរៀន ឬ ធ្វើការរហូតគ្មានពេលសម្រាកបានធ្វើអោយក្មេងនោះក្លាយជាក្មេងមោកៗ (មិនរវាសរវៃ)។ ចូរញាំ អាហារដែលល្អសម្រាប់សុខភាព និង ស្វែងយល់ពីខ្លួនប្រាណរបស់យើង។ ហាមបរិភោគអាហាររហ័ស (អាហារហ្វាសហ្វូដ ដូចជាហាំប៊ឺហ្គឺ សាន់វិចជាដើម) និងជៀសវាងកុំញាំនំស្រួយ ដំលូងបារាំងចៀន។ គួរញាំផ្លែឈើធម្មជាតិ អោយបានច្រើន។ ដូច្នេះចូរថែរក្សាខ្លួនប្រាណរបស់យើង និងប្រមូលកំលាំងថាមពលអោយមកពូនផ្តុំដើម្បីធ្វើការផ្ចង់ អារម្មណ៍ធ្វើការងារប្រចាំថ្ងៃរបស់យើង។

យើងក៏មិនអាចប្រមូលផ្តំុអារម្មណ៍ធ្វើការងារបានទេ បើសិនជាកំលាំងចិត្តរបស់យើងខ្សោយនោះ ឬ​ ផ្លូវចិត្តមានបញ្ហា។ ពេលមានអារម្មណ៍សប្បាយរីករាយគឺជាពេលដែលយើងអាចផ្ចង់អារម្មណ៍ និងធ្វើការងារមានប្រសិទ្ធិភាព ជាពិេសសពេលធ្វើការសម្រេចចិត្តលើរឿងអ្វីមួយ។ យើងតែងតែសម្រេចចិត្តខុស ពេលដែលយើងខឹង មិនសប្បាយចិត្ត។ ដើម្បីធ្វើអោយអារម្មណ៍មានភាពប្រសើរឡើង ដោយការនឹកឃើញរឿងសប្បាយៗពីអតីតកាល ការបិទភ្នែកដកដង្ហើមចូលតាមច្រមុះ និងដកដ្ហើមចេញតាមមាត់អោយបានវែងៗពី៥ ទៅ១០ ដង មុននឹងនិយាយ ឬ ធ្វើអ្វីមួយ ដោយការគិតវិជ្ជមាន ដោយក្តីស្រលាញ់ អាណិត មេត្តា ករុណា និង ការស្តាប់រាមច្បង​ឬ បុគ្គលដែលមានគំនិតវិជ្ជមាន ចេះតែពីលើកទឹកចិត្តយើង និង អោយដំបូន្មានល្អអោយបន្តធ្វើនូវអ្វីដែលយើងកំពុងធ្វើជាដើម។

ជាសង្ខេប យើងអាចទទួលបាននូវសេចក្តីរីករាយ មានសុភមង្គល មានទ្រព្យសម្បត្តិ ក៏ដោយសារការដែលចេះផ្ចង់អារម្មណ៍ធ្វើការងារប្រចាំថ្ងៃ។ បើមួយថ្ងៃៗ យើងធ្វើកិច្ចការបានល្អ និងមានលទ្ធផលល្អនោះ យើងនឹងក្លាយ ទៅជាបុគ្គលដ៏ជោគជ័យមួយ។ តែនៅតាមផ្លូវដែលយើងធ្វើដំណើរទៅរកគោលដៅនោះ យើងតែងតែមាន អារម្មណ៍ហត់នឿយ ហើយជួនកាលយើងក៏ឈប់បន្តដំណើរលះបង់ការងារនោះចោល ដោយសារគ្មានថាមពល។ អ្នកណាក៏មានបញ្ហានេះដែរ។ យើងអាចប្រមូលថាមពលយើងត្រលប់មកវិញដោយការសំរាក លំហែរ កាយញ៊ាំអាហារល្អៗសម្រាប់ខ្លួនប្រាណ មានអារម្មណ៍ល្អចំពោះជីវិតប្រចាំថ្ងៃ ហើយបន្តដំណើរឆ្ពោះទៅរកគោល ដៅរបស់យើងបន្តទៀត។

ពីថ្ងៃេនះទៅ ចូរសួរខ្លួនឯងថា តើកិច្ចការណាមួយដែលយើងអាចធ្វើនៅពេលនេះភ្លាម វាអាចជួយយើង​  អោយអាចផ្តោតអារម្មណ៍លើការងារដែលយើងកំពុងធ្វើបាន។ តើការងារណាមួយ បើយើងធ្វើភ្លាមនៅពេលនេះ យើងនឹងមានថាមពលត្រលប់មកវិញបានភ្លាមនោះ?។ ចូរចាំថា​សកម្មភាពបង្កើតនូវអារម្មណ៍។ដូចនេះចូរក្រោកឡើងបញ្ចេញសកម្មភាពដូចជានិយាយដាក់ខ្លួនងងថា​ខ្ញុំមានចិត្តសប្បាយរីករាយលោតកញ្ច្រោលឡើងទះដៃឡើងហាក់បីដូចជាត្រូវឆ្នោតជាដើម។ពោលគឺចូរធ្វើសកម្មភាពណាដែលធ្វើអោយអារម្មណ៍យើងប្រែក្លាយពីស្រពាប់ស្រពោនមកស្រស់ថ្លាវិញ។​

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s